បាញ់នារីម្នាក់ចំជើង១គ្រាប់ រួចប្លន់ម៉ូតូមួយគ្រឿងទៀតដើម្បីជិះគេចខ្លួន តែភ្លាត់ស្នៀតត្រូវពលរដ្ឋស្វាគមន៍យ៉ាងដំណំ

ភ្នំពេញ៖ បុរសម្នាក់ក្នុងចំណោម២នាក់ បានដកកាំភ្លើងបាញ់នារីម្នាក់បណ្តាលឲ្យរងរបួស រួចប្លន់ម៉ូតូមួយគ្រឿងទៀតនៅក្បែរនោះ ក្នុងបំណងជិះគេចខ្លួន តែត្រូវប្រជាពលរដ្ឋនៅជិតនោះ ព្រួតវាយយ៉ាងដំណំ ដែលហេតុការណ៍នេះកើតឡើងនាវេលាម៉ោង ០៣៖២០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៨ ស្ថិតនៅលើសួនច្បារណាហ្គាវើល តាមបណ្តោយផ្លូវព្រះសុរាម្រិត សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មិនដឹងថានារីរងគ្រោះ និងជនដៃដល់មានបញ្ហាអ្វីនឹងគ្នានោះទេ តែនៅមុនពេលកើតហេតុគេឃើញជនសង្ស័យ២នាក់ ជិះម៉ូតូ១គ្រឿង មកអង្គុយហូបអីនៅសួនមុខណាហ្គាវើល ស្រាប់តែជនសង្ស័យម្នាក់សារសងជាមួយនារីរងគ្រោះ ទាស់ពាក្យសំដីគ្នា ស្រាប់តែជនសង្ស័យដកកាំភ្លើងខ្លីម៉ាក K៥៩ មួយដើមមកបាញ់ចំជើងឆ្វេង របស់នារីរងគ្រោះបណ្តាលឱ្យរងរបួស។

ជនសង្ស័យម្នាក់ ក្នុងចំណោមបក្សពួក២នាក់ ពេលឃើញដូច្នេះ ក៏ទាញម៉ូតូជិះរត់គេចខ្លួនបាត់ស្រមោល។ ក្រោយបាញ់ជនរងគ្រោះរួច ក្រឡេកទៅមិនឃើញគ្នា ក៏រត់សំដៅទៅជិតដល់ស្ពាននាគ ឃើញបុរសម្នាក់ កំពុងឈប់អង្គុយលើម៉ូតូ បានយកកាំភ្លើងបម្រុងបាញ់ប្លន់យកម៉ូតូ ជិះដើម្បីគេចខ្លួនតែកាំភ្លើងបាញ់មិនចេញ ក៏ត្រូវបានប្រជាពលរដ្ន នៅក្បែរនោះចាប់បាននាំគ្នាព្រួតវាយយ៉ាងចាស់ដៃ។

 




Leave a Reply

Your email address will not be published. Required fields are marked *